ព្រះត្រៃបិដក ភាគ ៧២
អ្នកមានមុខ និងភ្នែកដ៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែលជាបានសម្រេចនូវចំណែកនៃព្រះនិព្វាន ឈ្មោះអមតៈ ជាធម៌មិនច្យុតហើយឬ នែព្រាហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មានរបស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិនឲ្យញាប់ញ័រ។ ខ្ញុំប្រាប់សម្លាញ់ថា ព្រះនិព្វានឈ្មោះអមតៈ ជាគុណបន្ទោបង់នូវសរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូរសម្រេចព្រះនិព្វាននោះចុះ យើងនឹងនាំគ្នាទៅកាន់សំណាក់ព្រះពុទ្ធ។ សម្លាញ់របស់ខ្ញុំនោះ ជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូលថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបានអាស្រ័យនូវសាសនធម៌របស់ព្រះអង្គហើយ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌ឲ្យល្អដូចគ្នា។
ID: 637641349429259565
ទៅកាន់ទំព័រ៖