ព្រះត្រៃបិដក ភាគ ៧២
កាលដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បានត្រាច់ទៅក្នុងលទ្ធិអាក្រក់ លុះបានមកចួបប្រទះនឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញបរិបូណ៌ឡើង។ ឈើទាំងឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំងឡាយជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេកអរបាន (យ៉ាងណាមិញ)។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំងនៅក្នុងសាសនារបស់ព្រះអង្គ ខំស្វែងរក (នូវសម័យ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺវិមុត្តិ ជាគ្រឿងរួចចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួងឲ្យត្រេកអរ ដោយការបាននូវផ្កាគឺវិមុត្តិ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្តទាំងប៉ុន្មាន លើកលែងតែព្រះមហាមុនីចេញ មិនមានបុគ្គលណានឹងប្រហែលដោយប្រាជ្ញា នៃបុត្ររបស់ព្រះអង្គទេ។ ពួកសិស្សរបស់ព្រះអង្គបានទូន្មានល្អហើយផង ពួកបរិស័ទសិក្សាល្អហើយផង គប្បីទូន្មានឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែងចោមរោមព្រះអង្គសព្វៗ កាល។
ID: 637641349638165833
ទៅកាន់ទំព័រ៖