ព្រះត្រៃបិដក ភាគ ៧២
ពួកបរិស័ទ ដែលមានឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មានចិត្តតំកល់មាំ ជាមុនី បរិបូណ៌ដោយញាណ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រាថ្នាតិច មានបញ្ញាឆ្អិន មានបញ្ញាជាគ្រឿងទ្រទ្រង់ មានអាហារតិច មិនល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរក្នុងការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរសៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មានប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសេក្ខបុគ្គលកំពុងប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ដោយផលខ្លះ ជាអ្នកស្វែងរកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជាមន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កជាច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងសតិប្បដ្ឋាន ត្រេកអរក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គសព្វៗ កាល ។
ID: 637641349847696970
ទៅកាន់ទំព័រ៖