ព្រះត្រៃបិដក ភាគ ៧២
ពួកសាវ័ក អ្នកឈ្លាសវៃក្នុងឥទ្ធិបាទ ត្រេកអរក្នុងការចម្រើនសមាធិ ប្រកបនូវសម្មប្បធាន តែងចោមរោមព្រះអង្គសព្វៗ កាល។ ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វៗ កាល។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែបនេះ បានសិក្សាល្អ កម្របុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះអង្គសព្វៗ កាល។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជាអ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាច ដូចស្តេចម្រឹគ រុងរឿងដូចព្រះចន្រ្ទ។ ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័កតាំងនៅក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិព្វាន។
ID: 637641350095040779
ទៅកាន់ទំព័រ៖