ព្រះត្រៃបិដក ភាគ ៧២
សាគរទទួលទឹករបស់ស្ទឹងទាំងនុ៎ះ គឺសិន្ធុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែលហូរមក។ ទឹកស្ទឹងទាំងនោះ តែងលះបង់ឈ្មោះដើមចោលចេញ គេដឹងថាជាសាគរតែម្យ៉ាង (យ៉ាងណាមិញ)។ វណ្ណៈទាំង ៤ នេះ
(១) លុះបួសក្នុងសំណាក់របស់ព្រះអង្គហើយ តែងលះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធបុត្តតែម្យ៉ាង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល
(២) អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លងនូវពួកផ្កាយទាំងអស់ក្នុងលោក យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គមានពួកទេវតា និងមនុស្សចោមរោមហើយ ទ្រង់រុងរឿងកន្លងនូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំង រលកទាំងនោះ រមែងមកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែកខ្ទេចខ្ទីរោយរាយទៅ (យ៉ាងណាមិញ)។ ពួកតិរ្ថិយជាច្រើន មានទិដ្ឋិផ្សេងៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវធម៌របស់ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លងនូវព្រះអង្គជាមុនីឡើយ ក៏យ៉ាងនោះដែរ។
(១) បានដល់ ខត្តិយៈ ព្រាហ្មណៈ វេស្សៈ សូទ្រៈ។ (២) មន្ទិល ៥ គឺ ពពក ១ ទឹកសន្សើម ១ ធូលី ១ រាហូចាប់ ១ ផ្សែង ១។ អដ្ឋកថា។
ID: 637641351040196970
ទៅកាន់ទំព័រ៖