ព្រះត្រៃបិដក ភាគ ៧២
បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះចូលមកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី។ មួយទៀត ដើមកុមុទ និងចង្កុលណីជាច្រើន កើតឡើងក្នុងទឹក តែងទទឹកដោយទឹកផង ប្រឡាក់ដោយភក់ និងល្បាប់ផង យ៉ាងណាមិញ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុងលោក ជាសត្វទទឹកដោយរាគៈ និងទោសៈ ដូចកុមុទក្នុងភក់ ក៏យ៉ាងនោះដែរ។ ឈូកដែលដុះឡើងក្នុងទឹក រមែងរុងរឿងក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូកមានកេសរដ៏បរិសុទ្ធ យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ជាមហាមុនី ព្រះអង្គកើតឡើងក្នុងលោក ព្រះអង្គមិនជាប់ចំពាក់ដោយលោក ដូចឈូក (មិនជាប់) ដោយទឹក ក៏យ៉ាងនោះដែរ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទីត្រេកអរ (ខែកត្តិក) មិនកន្លងខែនោះទៅបានឡើយ ព្រោះខែនោះ ជាសម័យរីក យ៉ាងណាមិញ។
ID: 637641351264259591
ទៅកាន់ទំព័រ៖