ព្រះត្រៃបិដក ភាគ ៧២
បពិត្រព្រះសក្យបុត្ត ព្រះអង្គរីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្តកន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក។ ស្តេចសាលព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាលព្រឹក្សដទៃចោមរោម តែងល្អដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គរីកហើយដោយពុទ្ធញ្ញាណ មានភិក្ខុសង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏យ៉ាងនោះដែរ។ មួយទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរ និងពួកទេវតាផង យ៉ាងណាមិញ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូចជាឱសថ នៃពួកសត្វដែលបានត្រៃវិជ្ជា បានឆឡភិញ្ញា ដល់ហើយនូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គមានព្យាយាមធំ សត្វទាំងនោះដែលព្រះអង្គមានព្រះហឫទ័យករុណា ទ្រង់ប្រដៅហើយ តែងរីករាយដោយតម្រេកធម៌ តែងនៅក្នុងសាសនានៃព្រះអង្គ។
ID: 637641351593165753
ទៅកាន់ទំព័រ៖