ព្រះត្រៃបិដក ភាគ ៧២

សីហៈ​ជា​មិគរាជ ចេញ​អំពី​ទីអាស្រ័យ​ហើយ តែង​ក្រឡេក​មើល​ទិស​ទាំង ៤ ទើប​បន្លឺ​ឡើង ៣ ដង។ កាល​មិគរាជ​បន្លឺ​ឡើង ពួក​ម្រឹគ​ទាំងអស់ តែង​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះតែ​ស្តេចម្រឹគ​នុ៎ះ ជា​សត្វ​មាន​ជាតិ​ខ្ពស់ តែង​ធ្វើ​សត្វ​ឲ្យ​តក់​ស្លុត​សព្វៗ កាល (យ៉ាងណាមិញ)។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ កាល​ព្រះអង្គ​មាន​បន្ទូល ផែនដី​នេះ​កម្រើក ពួក​សត្វ​ដែល​គួរ​ត្រាស់​ដឹង រមែង​ត្រាស់​ដឹង ពួក​មារ​តែង​តក់ស្លុត។ បពិត្រ​ព្រះ​មហាមុនី កាលបើ​ព្រះអង្គ​ទ្រង់​បន្លឺ​ឡើង ពួក​តិរិ្ថយ​ទាំងអស់​តែង​តក់ស្លុត ដូច​ពួក​ក្អែក និង​ខ្លែង ដែល​ភ្ញាក់ផ្អើល ឬដូច​ជា​ពួក​ម្រឹគ​ដែល​ភ្ញាក់ផ្អើល​ដោយសារ​សេ្តច​ម្រឹគ។ ពួក​មេគណៈ​ណា ដែលគេ​ហៅថា សាស្តា​ក្នុង​លោក មេគណៈ​ទាំងនោះ តែង​សម្តែង​ប្រាប់​បរិស័ទ​នូវ​ធម៌ ដែល​នាំ​មក​តៗ គ្នា។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ឯព្រះអង្គ​មិន​សម្តែង​ធម៌​ដល់​ពួក​សត្វ ដូច្នោះ​ទេ ព្រោះ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ទាំងឡាយ ដោយ​ព្រះអង្គ​ឯង ព្រមទាំង​ត្រាស់​ដឹង​នូវ​ពោធិបក្ខិយធម៌​ទាំងអស់ ដោយ​ព្រះអង្គ​ឯង។
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637641351870509502
ទៅកាន់ទំព័រ៖