ព្រះត្រៃបិដក ភាគ ៧២
ព្រះអង្គទ្រង់ជ្រាបនូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈ និងមិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែលមានភ័ព្វ និងឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ (គម្រាមហើយ)។ បរិស័ទអង្គុយក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិផ្សេងៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់សេចក្តីសង្ស័យ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវចិត្ត របស់សត្វទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់បង់នូវសេចក្តីសង្ស័យរបស់ពួកសត្វបាន។ ផែនដីដែលពេញដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់នោះ នាំគ្នាប្រណមអញ្ជលី សរសើរគុណព្រះនាយក។ ម្យ៉ាងទៀត មនុស្សទាំងនោះកាលសរសើរគុណ គប្បីសរសើរដោយគុណផ្សេងៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវការរាប់បានឡើយ (ព្រោះ) ព្រះតថាគត មានគុណគេមិនគប្បីរាប់បាន។ ព្រះជិនស្រីដ៏ប្រសើរ ដែលមនុស្ស និងទេវតាសរសើរហើយ ដោយកម្លាំងរបស់ខ្លួនយ៉ាងនោះ មនុស្សទាំងឡាយ កាលសរសើរ គប្បីសរសើរយ៉ាងនេះឯង អស់កោដិនៃកប្ប។
ID: 637641352159572070
ទៅកាន់ទំព័រ៖