ព្រះត្រៃបិដក ភាគ ៧២

ប្រសិនបើ​បុគ្គល​ណាមួយ ទោះជា​ទេវតា ឬមនុស្ស​ដែល​សិក្សា​ល្អ​ហើយ គប្បី​កំណត់​ដើម្បីនឹង​រាប់ (នូវ​ធារទឹក​ក្នុង​សមុទ្រ) បុគ្គល​នោះ នឹង​បានតែ​សេចក្តី​លំបាក។ បពិត្រ​ព្រះ​សក្យ​បុត្ត មានយស​ធំ ខ្ញុំ​ព្រះអង្គ​ឋិតនៅ​ហើយ​ក្នុង​សាសនា​របស់​ព្រះអង្គ ដល់​នូវ​បញ្ញាបារមី ជា​បុគ្គល​មិន​មាន​អាសវៈ។ ថ្ងៃនេះ ខ្ញុំ​ព្រះអង្គ​ជា​ធម្មសេនាបតី ក្នុង​សាសនា​របស់​ព្រះ​សក្យ​បុត្ត បាន​ញាំញី​ពួក​តិរ្ថិយ ញុំាង​សាសនា​នៃ​ព្រះ​ជិនស្រី​ឲ្យ​ប្រព្រឹត្តទៅ។ អំពើ​ដែល​ខ្ញុំ​ធ្វើ​ហើយ អស់​កប្ប​ប្រមាណ​មិនបាន ឲ្យផល​ដល់​ខ្ញុំ​ក្នុង​ជាតិនេះ ខ្ញុំ​ព្រះអង្គ​បាន​ផុត​ស្រឡះ​ហើយ​ចាក​កិលេស ដូច​កម្លាំង​សរ (ដែល​ផុត​ចាក​ធ្នូ) ទាំង​បាន​ដុត​បំផ្លាញ​នូវ​កិលេស​អស់ហើយ។ មនុស្ស​ណាមួយ បាន​នាំទៅ​នូវ​ភារៈ​លើ​ក្បាល​សព្វៗ កាល (មនុស្ស​នោះ) ក៏​ដល់​នូវ​សេចក្តី​ទុក្ខ​ដោយ​ភារៈ ព្រោះ​ភារៈ​ជា​របស់​ធ្ងន់។ ឯខ្ញុំ​ព្រះអង្គ ត្រូវ​ភ្លើង​កិលេស​ទាំង ៣ គឺ​លោភៈ ទោសៈ មោហៈ ដុតរោល​ហើយ បាន​អន្ទោល​ទៅ​ក្នុង​ភព​ទាំងឡាយ សឹងតែ​ធ្ងន់​ហើយដោយ​ទម្ងន់ គឺ​ភព ដូចជា​គេ​ដក​យក​ភ្នំ​សិនេរុ (មក​ទូល​លើ​ក្បាល)។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637641352475665699
ទៅកាន់ទំព័រ៖