ព្រះត្រៃបិដក ភាគ ៧២
ភារៈនោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះអង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុងសាសនា របស់ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ។ ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែងតែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរដោយប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន។ ខ្ញុំព្រះអង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណដោយឫទ្ធិ ថ្ងៃនេះ (បើ) ខ្ញុំព្រះអង្គប្រាថ្នា (នឹងធ្វើឫទ្ធិ) ក៏គប្បីនិម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន។ ព្រះមហាមុនីទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ដល់ខ្ញុំព្រះអង្គ ឯព្រះនិព្វាន ជាគ្រឿងរំលត់ទុក្ខ ជាដំណេករបស់ខ្ញុំព្រះអង្គ។ ទិព្វចក្ខុរបស់ខ្ញុំព្រះអង្គស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គលឈ្លាសវៃក្នុងសមាធិ បានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុងការចម្រើននូវពោជ្ឈង្គ។ កិច្ចណាដែលសាវ័កគួរដល់ កិច្ចទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបានឡើយ។
ID: 637641352705665837
ទៅកាន់ទំព័រ៖