ព្រះត្រៃបិដក ភាគ ៧២
(ព្រះអរិយៈទាំងនោះ) មានសម្បជញ្ញៈក្រោកឡើង ហើយផ្គត់ព្រះភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុងឈានជាអារម្មណ៍របស់ព្រះពុទ្ធទាំងពួង។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិកុព្វនាឥទ្ធិ
(១) ច្រើនសែន។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ដឹងហេតុដ៏ជ្រៅល្អិតដោយប្រាជ្ញា សាវ័កទាំងឡាយ សួរព្រះពុទ្ធទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ។ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នានិងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើប្រាសាទ ឯឆត្ររួតប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ។
(១) បានដល់ឫទ្ធិដែលធ្វើមនុស្សម្នាក់ឲ្យទៅជាមនុស្សច្រើននាក់។
ID: 637641334016576739
ទៅកាន់ទំព័រ៖