ព្រះត្រៃបិដក ភាគ ៧២
ក្រោយមក កោលិតមាណពនោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹងបានជាទុតិយសាវ័ករបស់ព្រះមានព្រះភាគព្រះនាមគោតម លោកផ្គងសេចក្តីព្យាយាម មានចិត្តស្លុងចុះទៅរកព្រះនិព្វាន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវអាសវៈធម៌ទាំងពួង ជាអ្នកមិនមានអាសវៈធម៌ នឹងបរិនិព្វាន។
ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បានសម្លាប់មាតា និងបិតា។ ខ្ញុំចូលទៅយកកំណើតណាៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល។ ជាតិនេះ ជាបច្ឆិមជាតិរបស់ខ្ញុំ ភពជាខាងក្រោយប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាលបែបនេះទៀត។ ខ្ញុំប្រកបរឿយៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ទាំងពួង ទាំងជាអ្នកមិនមានអាសវធម៌។
ID: 637641354425691226
ទៅកាន់ទំព័រ៖