ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​សង់​វិមាន​ដ៏​មាន​ដំ​ឡៃ វិចិត្រ​ដោយ​គំនរ​កុសល​ទាំងឡាយ ក្នុង​ទីនោះ​ហើយ បាន​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា បាន​បូជា​នូវ​ចេតិយ​ដ៏​ប្រសើរ។ ឯចេតិយ​នោះ​រុងរឿង ដូច​គំនរ​ភ្លើង ឬដូច​ស្តេច​សាលព្រឹក្ស​មាន​ផ្ការីក ភ្លឺស្វាង​ក្នុង​ទិស​ទាំង ៤ ដូច​ឥន្ទធនូ​ក្នុង​អាកាស។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ធាតុចេតិយ​នោះ ហើយ​ធ្វើកុសល​ដ៏​ច្រើន ខ្ញុំ​បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ព្រោះ​រឭក​នូវ​បុព្វកម្ម​នោះ។ ខ្ញុំ​ជិះ​យាន​ទិព្វ ទឹម​ដោយ​សេះ​មួយ​ពាន់ ឯវិមាន ៧ ជាន់​ដ៏​ខ្ពស់ កើតឡើង​សម្រាប់​ខ្ញុំ។ ផ្ទះ​មាន​កំពូល​មួយ​ពាន់ ជា​វិការៈ​នៃ​មាស​សុទ្ធ រុងរឿង​ជានិច្ច ទិស​ទាំងពួង​សឹងតែ​ភ្លឺ​ដោយ​តេជះ​របស់​ខ្លួន។ ផ្ទះ​ខាងមុខ​ដទៃទៀត ជា​វិការៈ​នៃ​កែវ​ក្រហម មាន​ក្នុង​កាលនោះ ផ្ទះ​ទាំងនោះ​ភ្លឺ​រន្ទាល​ដោយ​រស្មី ទៅកាន់​ទិស​ទាំង ៤ ដោយ​ជុំវិញ។ ផ្ទះ​មាន​កំពូល​ទាំងឡាយ កើតឡើង​ដោយ​បុញ្ញកម្ម​ដ៏​តាក់តែង​ល្អ ជា​វិការៈ​នៃ​កែវមណី តែង​ភ្លឺ​ច្រាល​ទៅកាន់​ទិសតូច​ទិសធំ ដោយ​ជុំវិញ។
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 637641355230222229
ទៅកាន់ទំព័រ៖