ព្រះត្រៃបិដក ភាគ ៧២
ផ្ទះកំពូលទាំងនោះ កាលភ្លឺឡើង រស្មីធំទូលាយ ខ្ញុំគ្របសង្កត់នូវទេវតាទាំងពួង នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្ប ៦ ហ្មឺន អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិព្រះនាមឧព្វិទ្ធៈ មានសមុទ្រទាំង ៤ ជាព្រំដែន ជាស្តេចឈ្នះលើផែនដី គ្រប់គ្រងផែនដី។ ក្នុងភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិមានកម្លាំងច្រើន អស់ ៣០ ដង ខ្ញុំបានប្រារព្ធនូវកម្មរបស់ខ្លួន (ប្រព្រឹត្តខ្ជាប់ដោយរាជធម៌ ១០)។ ខ្ញុំបរិបូណ៌ដោយកែវទាំង ៧ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ប្រាសាទរបស់ខ្ញុំខ្ពស់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនោះ។ ទីក្រុងឈ្មោះរម្មកៈ មានបណ្តោយ ២៤ យោជន៍ ទទឹង ១២ យោជន៍ មានកំពែង និងក្លោងទ្វារដ៏មាំ។ ឯកំពែងនោះ មានបណ្តោយ ៥០០ យោជន៍ មានទទឹង ២៥០ យោជន៍ កុះករដោយពួកជនទាំងឡាយ ដូចជាបុរីនៃទេវតាក្នុងជាន់ត្រៃត្រឹង្ស។
ID: 637641355462097187
ទៅកាន់ទំព័រ៖