ព្រះត្រៃបិដក ភាគ ៧២
តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាស ដែលរចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញកែវមុក្តា ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ។ ពិតានសំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀបផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ។ សូមស្រះបោក្ខរណី ដេរដាសដោយចង្កោមផ្កា (មានក្លិនក្រអូប) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរដាសដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ។ សូមស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិនក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយពិតានមាស។ សូមស្រះបោក្ខរណីក្នុងទិសទាំង ៤ ព្រោងញ្រតដោយឈូក និងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស។ ដើមឈើទាំងអស់ជុំវិញប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយរាយក្លិនទៅលើប្រាសាទ។ សូមពួកក្ងោកពង់លើប្រាសាទនោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវជុំវិញប្រាសាទនោះ។
ID: 637641334270951567
ទៅកាន់ទំព័រ៖