ព្រះត្រៃបិដក ភាគ ៧២
លុះខ្ញុំលះរាងកាយជារបស់មនុស្សហើយ ទៅកើតក្នុងវិមាន (ឋានសួគ៌) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំងចេតនានោះផង។ កាលដែលខ្ញុំទៅកើតជាទេវតាហើយ មានប្រាសាទដែលបុញ្ញកម្មតាក់តែងដោយល្អ ភ្លឺរុងរឿងដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំកើតជាស្តេចចក្រពត្តិអស់ ២៨ ដង បានឃើញរូបចម្ងាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ក្នុងកាលនោះ។ ខ្ញុំតែងធ្វើនូវទិសទាំងពួងចម្ងាយ ១ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿងក្នុងកាលនោះ ខ្ញុំគ្របសង្កត់ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងពួកទេវតា អស់ ៣០ កប្ប ឥតមានពួកទេវតាណាមើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវប្រទីប។ ខ្ញុំបានសម្រេចទិព្វចក្ខុក្នុងសាសនានៃព្រះសាស្តា តែងឃើញលោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការថ្វាយនូវប្រទីប។
ID: 637641356271628465
ទៅកាន់ទំព័រ៖