ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំបានស្តាប់ដោយសង្ខេបទេ តែអាចសម្តែងដោយពិស្តារបាន ពួកសិស្សទាំងអស់ បានស្តាប់ភាសិតដែលខ្ញុំសម្តែង ក៏មានចិត្តរីករាយគ្រប់ៗ គ្នា។ ពួកសិស្សទាំងនោះ លះចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែងដោយសង្ខេបក៏បាន ដោយពិស្តារយ៉ាងនោះ ក៏បាន។ ខ្ញុំឈ្លាសវៃក្នុងន័យព្រះអភិធម្ម ឈ្លាសវៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញុំាងជនជាបណ្ឌិតទាំងពួង ឲ្យត្រាស់ដឹង ទាំងជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៥០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តិ៍ឈ្មោះល្បីល្បាញទួទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុងទ្វីប ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុណ្ណមន្តានីបុត្តត្ថេរាបទាន។
ID: 637641357351475401
ទៅកាន់ទំព័រ៖