ព្រះត្រៃបិដក ភាគ ៧២

ឧបា​លិ​ត្ថេ​រាប​ទាន ទី៨


 [៨] ខ្ញុំ​កើតជា​ព្រាហ្មណ៍ ឈ្មោះ​សុជាត ក្នុង​ក្រុង​ហង្ស​វតី ជា​អ្នក​សន្សំ​នូវ​ទ្រព្យសម្បត្តិ ចំនួន ៨០ កោដិ មានទ្រព្យ និង​ស្រូវ​ជាច្រើន។ ខ្ញុំ​ជា​អ្នកបង្រៀន​មន្ត ចេះចាំ​មន្ត សម្រេច​ត្រៃវេទ ដល់​នូវ​ត្រើយ​ក្នុង​ធម៌​របស់​ខ្លួន គឺ​ក្បួន​ទាយ​លក្ខណៈ និង​ក្បួន​ឈ្មោះ​ឥសិ​ហា​សៈ។ ក្នុង​គ្រានោះ ពួក​បរិ​ព្វា​ជក អ្នកមាន​ផ្នួងសក់​មួយ ពួក​ពុទ្ធ​សាវ័ក​របស់​ព្រះ​គោតម និង​ពួក​តាបស​អ្នក​ប្រព្រឹត្ត​តបៈ តែង​នាំគ្នា​ត្រាច់​ទៅលើ​ផែនដី។ ពួក​ទាំងនោះ តែង​ចោមរោម​ខ្ញុំ ពួក​ជន​ជាច្រើន​តែង​បូជា​ខ្ញុំ ដោយ​សំគាល់​ថា​ជា​ព្រាហ្មណ៍​មាន​កិត្តិស័ព្ទ​ល្បីល្បាញ ខ្ញុំ​មិន​បូជា​ជន​ណាមួយ។ វេលា​នោះ ខ្ញុំ​ជា​មនុស្ស​រឹងត្អឹង​ដោយ​មានះ មិនឃើញ​បុគ្គល​គួរ​បូជា ទាំង​ពាក្យ​ថា​ព្រះពុទ្ធ ក៏​មិនដែល​មាន ព្រោះ​ព្រះ​ជិនស្រី ទ្រង់​មិនទាន់​កើតឡើង​នៅឡើយ។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637641357732413385
ទៅកាន់ទំព័រ៖