ព្រះត្រៃបិដក ភាគ ៧២
សុនន្ទតាបសនេះ កាលអន្ទោលទៅក្នុងភពគឺទេវលោក ឬមនុស្សលោក នឹងបានជាអ្នកប្រសើរជាងទេវតា ទាំងជាងមនុស្សទាំងអស់ នឹងអន្ទោលទៅក្នុងភពទាំងឡាយ។ លុះដល់រវាងមួយសែនកប្ប នឹងមានព្រះសម្ពុទ្ធព្រះនាមគោតម កើតឡើងក្នុងត្រកូលឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ សុនន្ទតាបសនេះ នឹងបានជាទាយាទក្នុងធម៌ ជាឱរស ជាធម្មនិម្មិត ជាសាវ័កឈ្មោះបុណ្ណៈ ជាបុត្តនៃនាងមន្តានី របស់ព្រះសាស្តានោះ។ លុះព្រះសម្ពុទ្ធបានព្យាករសុនន្ទតាបសយ៉ា់ងនេះហើយ បានញុំាងជនទាំងពួងឲ្យរីករាយ ទ្រង់សម្តែងតាមកម្លាំងរបស់ព្រះអង្គ។ វេលានោះ ពួកបរិស័ទបានប្រណមអញ្ជលីនមស្ការចំពោះសុនន្ទតាបស សុនន្ទតាបស ក៏ធ្វើសក្ការបូជាចំពោះព្រះសម្ពុទ្ធ រួចហើយទើបធ្វើគតិរបស់ខ្លួនឲ្យស្អាត។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនី (ព្រះនាមបទុមុត្តរៈ) ក៏មានបំណងក្នុងវេលានោះថា អាត្មាអញ នឹងបានឃើញព្រះគោតមយ៉ាងណា នឹងធ្វើសក្ការបូជាយ៉ាងនោះ។
ID: 637641358238038074
ទៅកាន់ទំព័រ៖