ព្រះត្រៃបិដក ភាគ ៧២
លុះខ្ញុំគិតយ៉ាងនេះរួចហើយ ទើបគិតរកបុញ្ញកិរិយាវត្ថុ ដែលខ្ញុំគួរធ្វើថា អាត្មាអញនឹងប្រព្រឹត្តអំពើអ្វីហ្ន៎ ក្នុងបុញ្ញក្ខេត្តដ៏ប្រសើរ។ ឯភិក្ខុជាអ្នកសូត្រអង្គនេះ ព្រះនាមព្រះភាគបានតាំងថា ជាអ្នកប្រសើរខាងព្រះវិន័យ ជាងភិក្ខុអ្នកសូត្រទាំងពួងក្នុងសាសនា ដូច្នេះ អាត្មាអញ នឹងប្រាថ្នាយកតំណែងនោះ។ ទ្រព្យរបស់អាត្មាអញនេះ ច្រើនណាស់ រាប់មិនអស់ ឧបមាដូចសាគរ បុគ្គលមិនអាចនឹងឲ្យញាប់ញ័របានឡើយ ហេតុនេះ អាត្មាអញ គួរសាងអារាមថ្វាយព្រះសម្ពុទ្ធដោយទ្រព្យនោះ។ ខ្ញុំបានសាងអារាមមួយ ឈ្មោះសោភនៈ នៅខាងមុខទីក្រុង ឲ្យជាអារាមសម្រាប់សង្ឃ អស់ចំនួនមួយសែនកហាបណៈ។ ខ្ញុំបានសាងផ្ទះមានកំពូលផង ប្រាសាទវែងផង មណ្ឌបផង ប្រាសាទមានដំបូលរលីងផង គុហាផង ទីចង្រ្កមដ៏ល្អផង ក្នុងអារាមរបស់សង្ឃ។ មួយទៀត ខ្ញុំបានសាងរោងកម្តៅកាយ រោងភ្លើង រោងទឹក បន្ទប់សម្រាប់ស្រង់ទឹក ថ្វាយចំពោះព្រះភិក្ខុសង្ឃ។
ID: 637641358478038146
ទៅកាន់ទំព័រ៖