ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំបានថ្វាយជើងម៉ា តាំង គ្រឿងប្រើប្រាស់ ភាជន៍ ភេសជ្ជៈ ទាំងអស់នុ៎ះ សម្រាប់អារាម។ ខ្ញុំបានតម្កល់ទុកបុគ្គលអ្នករក្សា ឲ្យគេធ្វើកំពែងយ៉ាងមាំ (ការពារ) កុំឲ្យមានសត្រូវណាមួយ មកបៀតបៀនព្រះអង្គ ទ្រង់ជាតាទិបុគ្គល មានព្រះហឫទ័យស្ងប់រម្ងាប់។ ខ្ញុំបានឲ្យគេសាងអាវាស ជាអារាមសម្រាប់សង្ឃ អស់ចំនួនទ្រព្យមួយសែន លុះសាងអារាមមានសភាពស្តុកស្តម្ភរួចហើយ ក៏បានបង្អោនថ្វាយដល់ព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះមុនី អារាមខ្ញុំបានឲ្យគេសាងស្រេចហើយ សូមព្រះអង្គទទួលយក បពិត្រព្រះធីរៈ ខ្ញុំព្រះអង្គ នឹងថ្វាយទានចំពោះព្រះអង្គ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គទ្រង់ទទួលនិមន្ត។ ព្រះលោកនាយក ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ទ្រង់គួរទទួលយកនូវគ្រឿងបូជា ទ្រង់ទទួលនិមន្តហើយ ព្រោះទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ។ លុះខ្ញុំបានដឹងថា ព្រះអង្គទ្រង់ទទួលនិមន្តហើយ ទើបចាត់ចែងនូវភោជនាហារ បម្រុងថ្វាយដល់ព្រះសព្វញ្ញូ ទ្រង់ស្វែងរកគុណដ៏ធំ រួចហើយទើបក្រាបទូលភត្តកាល។
ID: 637641358695381533
ទៅកាន់ទំព័រ៖