ព្រះត្រៃបិដក ភាគ ៧២
ព្យាករបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ សេនាមានអង្គ ៤ គឺ ដំរី សេះ រថ ពលថ្មើរជើង រមែងចោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ តូរ្យតន្ត្រី ៦០ ពាន់ និងស្គរ ប្រដាប់ល្អហើយ រមែងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃសង្ឃារាម។ ពួកនារីចំនួន ៨៦ ពាន់ ស្អិតស្អាងល្អហើយ សឹងស្លៀកសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌល ជាវិការៈនៃកែវមណី។ (នារីទាំងនោះ) មានមុខស្រស់រីករាយ មានសរីរៈល្អ មានចង្កេះរៀវ រមែងចោមរោមបុគ្គលនេះជានិច្ច នេះផលនៃសង្ឃារាម។ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក អស់ ៣០ ពាន់កប្ប បានជាធំជាងទេវតា សោយទេវរាជ្យ អស់ចំនួនមួយពាន់ដង។ នឹងបានសម្បត្តិទាំងពួង ដែលទេវរាជគប្បីបាន ជាអ្នកមានភោគៈមិនខ្វះខាត ហើយសោយរាជ្យក្នុងឋានទេវលោក។
ID: 637641359221632342
ទៅកាន់ទំព័រ៖