ព្រះត្រៃបិដក ភាគ ៧២

បុរស​ជាប់​ក្នុង​ដែក​អណ្តោត ត្រូវ​រាជទណ្ឌ​គម្រាម​ហើយ មិនបាន​ស្រួល​ក្នុង​ដែក​អណ្តោត ប្រាថ្នា​ចង់​ឲ្យ​រួច​វិញ ដូចម្តេច​មិញ។ បពិត្រ​ព្រះអង្គ មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ​ត្រូវ​អាជ្ញា​គឺ​ភព​គម្រាម​ហើយ ជាប់​នៅ​ហើយ ក្នុង​ដែក​អណ្តោត គឺ​កម្ម ឋិតនៅ​ហើយ ដោយ​កម្លាំង​វេទនា គឺ​សេចក្តី​ស្រេកឃ្លាន។ មិនបាន​ស្រួល​ក្នុង​ភព ក្តៅក្រហាយ​ដោយ​ភ្លើង​ទាំង ៣ ស្វែងរក​ឧបាយ​ដើម្បីនឹង​រួច​ស្រឡះ ដូច​បុរស​ដែល​ប្រាថ្នា​ដើម្បី​រួចចាក​រាជទណ្ឌ យ៉ាងនោះ។ មួយទៀត បុរស​អ្នក​ក្លៀវក្លា ត្រូវ​ពិស​បៀតបៀន​ហើយ គេ​ក៏​គប្បី​ស្វែងរក​នូវ​ឱសថ ជា​ឧបាយ​ដើម្បី​បន្សាប​នូវ​ពិស។ កាល​ស្វែងរក ក៏បាន​ឃើញ​នូវ​ឱសថ ដែល​ជា​គ្រឿង​បន្សាប​នូវ​ពិស ក៏​ផឹក​នូវ​ឱសថ​នោះ ហើយក៏​បាន​សេចក្តី​សុខ ព្រោះ​រួចផុត​អំពី​ពិស យ៉ាងណាមិញ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ដ៏​ធំ ខ្ញុំ​ព្រះអង្គ ក៏ដូចជា​ជន​អ្នក​លង់​នៅក្នុង​ពិស ត្រូវ​អវិជ្ជា​បៀតបៀន​ហើយ បាន​ស្វែងរក​ឱសថ​គឺ​ព្រះ​សទ្ធម្ម។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637641359697568972
ទៅកាន់ទំព័រ៖