ព្រះត្រៃបិដក ភាគ ៧២

កាល​ស្វែងរក​ឱសថ​គឺ​ធម៌ ក៏​ប្រទះ​នូវ​សាសនា​របស់​ព្រះ​សក្យមុនី​សម្ពុទ្ធ ជា​ឱសថ​គឺ​សច្ចៈ ដ៏​ប្រសើរ​បំផុត ជា​ថ្នាំ​សម្រាប់​បន្ទោបង់​នូវ​សរ​ទាំងពួង។ ខ្ញុំ​ព្រះអង្គ បាន​ផឹក​ឱសថ​គឺ​ធម៌ ហើយ​ដក​នូវ​ពិស​ទាំងពួង​ចោលចេញ ក៏បាន​ឃើញ​ព្រះនិព្វាន ជា​គុណ​ឥតមាន​ចាស់​ស្លាប់ មាន​សភាព​ត្រជាក់ ក៏​យ៉ាងនោះ​ដែរ។ បុរស​ត្រូវ​ខ្មោច​គម្រាម​ហើយ ត្រូវ​គ្រោះថ្នាក់​គឺ​ខ្មោច​បៀតបៀន​ហើយ គប្បី​ស្វែងរក​ពេទ្យ​សម្រាប់​ចាប់​ខ្មោច ដើម្បីឲ្យ​រួចផុត​អំពី​ខ្មោច។ បុរស​នោះ កំពុងតែ​ស្វែងរក ក៏បាន​ឃើញ​បុគ្គល អ្នក​ឈ្លាសវៃ​ក្នុង​វិជ្ជា​ចាប់​ខ្មោច បុគ្គល​នោះ ក៏បាន​បំបរបង់​ខ្មោច ព្រមទាំង​ធ្វើ​ឫសគល់​ឲ្យ​វិនាស អំពី​បុរស​នោះ​ចេញ យ៉ាងណាមិញ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ​ត្រូវ​គ្រោះថ្នាក់​គឺ​ងងឹត​បៀតបៀន​ហើយ ក៏​ខំ​ស្វែងរក​ពន្លឺ​គឺ​ញាណ ដើម្បីឲ្យ​ផុត​អំពី​ងងឹត ក៏បាន​ប្រទះឃើញ​ព្រះ​សក្យមុនី ទ្រង់​ជម្រះ​ងងឹត គឺ​កិលេស​រួចហើយ ព្រះអង្គ​ទ្រង់​កម្ចាត់​ងងឹត​របស់ខ្ញុំ​ព្រះអង្គ ដូចជា​ពេទ្យ​ចាប់​ខ្មោច បាន​បណ្តេញ​បង់​នូវ​ខ្មោច​ចេញ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637641359910381532
ទៅកាន់ទំព័រ៖