ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​ព្រះអង្គ​បាន​ផ្តាច់​បង់​នូវ​ខ្សែ​គឺ​សង្សារ ហាមឃាត់​នូវ​ខ្សែ គឺ​តណ្ហា ដក​ចោល​នូវ​ភព​ទាំងអស់ ប្រៀប​ដូច​ពេទ្យ​ចាប់​ខ្មោច (បៀតបៀន​ខ្មោច) ឲ្យអស់​ឫសគល់ ក៏​យ៉ាងនោះ​ដែរ។ សត្វ​គ្រុឌ ឆាប​យក​ពួក​នាគ ជា​ចំណី​របស់​ខ្លួន ធ្វើ​មហា​ស្រះ​ទំហំ ១០០ យោជន៍ ដោយ​ជុំវិញ ឲ្យ​រំភើបញាប់ញ័រ។ លុះ​គ្រុឌ​នោះ​ឆាប​យក​នាគ ធ្វើឲ្យ​មាន​ក្បាល​ចុះក្រោម ឲ្យបាន​សេចក្តី​លំបាក ហើយ​នាំ​យក​ទៅកាន់​ទី​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួន យ៉ាងណាមិញ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ មាន​កម្លាំង​ខ្លាំង​ដូច​គ្រុឌ ខ្ញុំ​ព្រះអង្គ​កំពុង​ស្វែងរក​អសង្ខតធម៌ គឺ​ព្រះនិព្វាន ហើយ​បាន​ខ្ជាក់​ទោស​ចោលចេញ​អស់ហើយ។ ខ្ញុំ​ព្រះអង្គ បានឃើញ​ព្រះធម៌​ដ៏​ប្រសើរ ជា​ចំណែក​នៃ​សេចក្តី​ស្ងប់​រម្ងាប់ មិន​មានគុណ​ជាត​ដទៃ​ប្រសើរ​លើស ហើយ​កាន់​យក​នូវ​ធម៌​នោះ ដូច​គ្រុឌ​ឆាប​យក​នាគ ក៏​យ៉ាងនោះ​ដែរ។ វល្លិ ឈ្មោះ​អាសា​វតី កើត​ក្នុងចិត្ត​លតា​វ័ន កន្លងទៅ​មួយ​ពាន់​ឆ្នាំ វល្លិ​នោះ​ក៏​កើត​ផ្លែ​មួយ​ឡើង។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637641360138663071
ទៅកាន់ទំព័រ៖