ព្រះត្រៃបិដក ភាគ ៧២

ទ្រង់​ឲ្យ​ជាង​ធ្វើ​នូវ​ផ្លូវ​ត្រឡែងកែង ផ្លូវថ្នល់ រាន​ផ្សារ​ជា​ចន្លោះ ដែល​តាក់តែង​ល្អ ព្រមទាំង​សភា​សម្រាប់​វិនិច្ឆ័យ​នូវ​សេចក្តី​ចម្រើន និង​សេចក្តី​មិន​ចម្រើន ក្នុង​នគរ​នោះ។ ព្រះរាជា​អង្គ​នោះ ទ្រង់​តាំង​សេនាមាត្យ​ដើម្បីឲ្យ​សង្កត់សង្កិន​នូវ​ពួក​សត្រូវ ឲ្យ​ស្គាល់​ទោស និង​មិនមែន​ទោស ដើម្បី​រក្សា​នូវ​ពួក​ពល។ ព្រះរាជា​អង្គ​នោះ ទ្រង់​តាំង​បុរស​អ្នករក្សា​នូវ​ភណ្ឌៈ ជា​អ្នក​ឈ្លាសវៃ​ក្នុង​ការ​ទុកដាក់​ដើម្បី​ប្រយោជន៍​រក្សា​នូវ​ភណ្ឌៈ ដោយ​ព្រះរាជ​បំណង​ថា កុំ​ឲ្យ​ភណ្ឌៈ​របស់​អាត្មាអញ វិនាស​ទៅ​បាន​ឡើយ។ បុរស​នោះ​ជា​អ្នកមាន​ចិត្ត​ស្វាមីភក្តិ ចំពោះ​ព្រះរាជា ព្រោះ​ព្រះរាជា ប្រាថ្នា​ការ​ចម្រើន​ដល់​បុរស​ណា ទ្រង់​ក៏​ព្រះរាជទាន​នូវ​ឥស្សរៈ ក្នុង​ការវិនិច្ឆ័យ​អធិករណ៍ ដល់​បុរស​នោះ ដើម្បី​ប្រតិបត្តិ កុំ​ឲ្យ​បែក​មិត្ត។ ព្រះរាជា​នោះ ទ្រង់​តាំង​បុរស​អ្នក​វាងវៃ ក្នុង​ឧប្បាទ​ហេតុ​ទាំងឡាយ​ផង ក្នុង​និមិត្ត​ទាំងឡាយ​ផង ក្នុង​លក្ខណៈ​ទាំងឡាយ​ផង ជា​អ្នកបង្រៀន​មន្ត ចេះចាំ​មន្ត ក្នុងឋានៈជា​បុរោហិត។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637641361383819010
ទៅកាន់ទំព័រ៖