ព្រះត្រៃបិដក ភាគ ៧២

ឧប​សេ​នវ​ង្គន្ត​បុ​ត្ត​ត្ថេ​រាប​ទាន ទី៧


 [១៩] ខ្ញុំ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជា​ឆ្នើម​ក្នុង​លោក អង់អាច​ជាង​នរៈ ប្រសើរ​ជាង​នរៈ ដែល​ទ្រង់​គង់នៅ​ក្នុង​ញកភ្នំ។ គ្រានោះ ខ្ញុំ​បានឃើញ​ផ្កា​កណិការ​រីក ក៏​កាច់​ផ្កា​នោះ​ត្រង់​ទង យក​មក​ធ្វើ​ប្រដាប់​លើ​ឆត្រ​ហើយ បង្អោន​ចូល​ទៅ​ថ្វាយព្រះ​សម្ពុទ្ធ។ ទាំង​បាន​ថ្វាយ​ចង្ហាន់​បិណ្ឌបាត ជា​ភោជន​ដ៏​ល្អ​ឧត្តម ញុំាង​សមណៈ ៨ អង្គ គម្រប់ ៩ នឹង​ព្រះសម្ពុទ្ធ ឲ្យ​ឆាន់​ស្កប់ស្កល់​ក្នុង​ទីនោះ។ ព្រះសយម្ភូ​មាន​ព្យាយាម​ធំ ព្រះអង្គ​ប្រសើរ ទ្រង់​អនុមោទនា​ចំពោះ​ការ​ថ្វាយ​ឆត្រ និង​ការ​ថ្វាយ​ចង្ហាន់​ដ៏​ប្រសើរ​នេះ​ថា
 ដោយចិត្ត​ជ្រះថ្លា​នោះ បុគ្គល​នេះ នឹង​បាន​ទទួល​សម្បត្តិ គឺ​នឹង​បាន​គ្រប់គ្រង​ទេវ​រាជ្យ ជាធំ​ជាង​ទេវតា​អស់ ៣០ ដង។ នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ២១ ដង នឹង​បាន​គ្រប់គ្រង​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​បាន​មួយ​អសំខេយ្យ​កប្ប។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637641382347449296
ទៅកាន់ទំព័រ៖