ព្រះត្រៃបិដក ភាគ ៧២
បច្ចេកពុទ្ធាបទាន ទី២
អ្នកទាំងឡាយ ចូរស្តាប់បច្ចេកពុទ្ធាបទាន ដូចតទៅនេះ
[២] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវីក្នុងដែនវេទហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា ឮថាព្រះបច្ចេកពុទ្ធទាំងឡាយ រមែងមាន តើព្រះបច្ចេកពុទ្ធជាអ្នកប្រាជ្ញទាំងនោះ រមែងកើតឡើងដោយហេតុដូចម្តេចខ្លះ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅត្រាស់នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរសៀងដ៏ពីរោះថា
ពួកជនណា មានការកសាងបានធ្វើទុកហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បានមោក្ខធម៌ក្នុងសាសនានៃព្រះជិនស្រីទេ។ ជនទាំងនោះ ជាអ្នកប្រាជ្ញ ជាអ្នកមានប្រាជ្ញាមុតថ្លា វៀរលែងតែព្រះពុទ្ធទាំងឡាយ រមែងបាននូវបច្ចេកពោធិញ្ញាណ ដោយប្រធាននៃសង្វេគនោះផង ដោយអារម្មណ៍ដ៏ស្តើងស្តួចនោះផង
ID: 637641337425795373
ទៅកាន់ទំព័រ៖