ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការថ្វាយទង់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧបវាណត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧបវាណត្ថេរាបទាន។
តីណិសរណាគមនិយត្ថេរាបទាន ទី៣
[២៥] ខ្ញុំជាអ្នកបម្រើមាតាបិតាក្នុងក្រុងចន្ទវតី មាតាបិតារបស់ខ្ញុំខ្វាក់ ខ្ញុំចិញ្ចឹមលោកទាំងនោះ ក្នុងកាលនោះ។ កាលនោះ ខ្ញុំទៅក្នុងទីស្ងាត់អង្គុយគិតយ៉ាងនេះថា អាត្មាអញកាលចិញ្ចឹមមាតាបិតា ក៏មិនបាននូវបព្វជ្ជា។ បុគ្គលទាំងឡាយដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះដោយភ្លើង ៣ យ៉ាង គ្មានអ្នកណានីមួយជាអ្នកដឹកនាំ ក្នុងភពប្រាកដដូចនេះទេ។
ID: 637641390959636728
ទៅកាន់ទំព័រ៖