ព្រះត្រៃបិដក ភាគ ៧២
ឧត្តិយត្ថេរាបទាន ទី៨
[៣០] គ្រានោះ ខ្ញុំកើតជាក្រពើនៅនាឆ្នេរស្ទឹង ឈ្មោះចន្ទភាគា ខ្ញុំកំពុងខ្វល់ខ្វាយរកចំណីដើម្បីខ្លួន ហើយបានទៅកាន់កំពង់ស្ទឹង។ សម័យនោះ ព្រះសយម្ភូព្រះនាមសិទ្ធត្ថៈ ជាបុគ្គលប្រសើរ ព្រះអង្គមានប្រាថ្នានឹងឆ្លងស្ទឹង ទ្រង់ស្តេចចូលទៅកាន់កំពង់នៃស្ទឹងនោះ។ កាលព្រះសម្ពុទ្ធស្តេចមកដល់ហើយ ខ្ញុំក៏ចូលមកដល់ត្រង់កំពង់នោះដែរ លុះចូលមកដល់ហើយ បានពោលវាចានេះនឹងព្រះសម្ពុទ្ធថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គឡើងកាន់ (ខ្នងរបស់ខ្ញុំ) ចុះ ខ្ញុំនឹងចំឡងព្រះអង្គ បពិត្រព្រះមហាមុនិ សូមព្រះអង្គអនុគ្រោះនូវវិស័យជារបស់នៃបិតា ដល់ខ្ញុំឲ្យទាន។ ព្រះមហាមុនិទ្រង់ព្រះសណ្តាប់នូវសម្រែករបស់ខ្ញុំហើយ ស្តេចឡើងកាន់ (ខ្នងរបស់ខ្ញុំ) ខ្ញុំមានចិត្តរីករាយស្រស់ស្រាយ ចំឡងព្រះលោកនាយក។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ញុំាងខ្ញុំឲ្យស្រស់ស្រាយឰដ៏ត្រើយខាងនាយនៃស្ទឹងនោះថា អ្នកនឹងដល់នូវព្រះនិព្វានឈ្មោះអមតៈ។
ID: 637641394338074377
ទៅកាន់ទំព័រ៖