ព្រះត្រៃបិដក ភាគ ៧២
កុណ្ឌធានវគ្គ ទី៤
កុណ្ឌធានត្ថេរាបទាន ទី១
[៣៣] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបម្រើព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់គេចចេញចាកពួក សម្ងំនៅក្នុងកម្មដ្ឋានអស់ ៧ ថ្ងៃ។ ខ្ញុំដឹងនូវកាលដែលទ្រង់ចេញអំពីទីសម្ងំ ហើយខ្ញុំកាន់ចេកមួយស្និតធំ នាំចូលទៅថ្វាយព្រះមហាមុនី ព្រះនាមបទុមុត្តរៈ។ ព្រះមានព្រះភាគជាសព្វញ្ញូ ជាលោកនាយក ទ្រង់បានទទួល ព្រះមហាមុនី ញុំាងចិត្តរបស់ខ្ញុំឲ្យជ្រះថ្លា ទ្រង់សោយ (ចេកនោះ)។ លុះព្រះសម្ពុទ្ធ ទ្រង់ជាអ្នកដឹកនាំពួក ជាបុគ្គលប្រសើរផុត ទ្រង់សោយរួចហើយ គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់នូវគាថាទាំងឡាយនេះថា
ពួកយក្សណា ដែលមកជួបជុំនៅនាភ្នំនេះ និងពួកភូតទាំងពួង ដែលនៅអាស្រ័យក្នុងព្រៃនេះ (ពួកយក្ស និងភូតទាំងនោះ) ចូរស្តាប់ពាក្យរបស់តថាគតចុះ។
ID: 637641396163858711
ទៅកាន់ទំព័រ៖