ព្រះត្រៃបិដក ភាគ ៧២
អាយាតទាយកត្ថេរាបទាន ទី៨
[៤០] កាលព្រះលោកនាថ ព្រះនាមសិខី ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ បរិនិព្វានហើយ ខ្ញុំរីករាយ បានថ្វាយបង្គំព្រះស្តូបដ៏ប្រសើរដោយចិត្តរីករាយ។ កាលនោះ ខ្ញុំបានឲ្យជាងឈើនិយាយកាត់ថ្លៃ ហើយឲ្យថ្លៃ ខ្ញុំរីករាយឲ្យជាងឈើធ្វើរោងសំណាក់ ដោយចិត្តរីករាយ។ ខ្ញុំនៅជាប់មិនដាច់ក្នុងទេវលោក អស់ ៨ កប្ប ខ្ញុំអន្ទោលទៅរាត់រាយក្នុងកប្បដ៏សេស។ ពិសមិនជ្រាបទៅក្នុងកាយ ទាំងគ្រឿងសស្ត្រាក៏មិនមុតខ្ញុំ ខ្ញុំមិនស្លាប់ក្នុងទឹក នេះជាផលនៃរោងសំណាក់។ បើខ្ញុំប្រាថ្នាទឹកភ្លៀង មហាមេឃក៏បង្អុរភ្លៀងមក ទាំងពួកទេវតា តែងលុះអំណាចរបស់ខ្ញុំ នេះជាផលនៃបុញ្ញកម្ម។ ខ្ញុំបរិបូណ៌ដោយកែវ ៧ ប្រការ អស់ ៣០ ដង ពួកជនណាមួយមិនមើលងាយខ្ញុំឡើយ នេះជាផលនៃបុញ្ញកម្ម។
ID: 637642080456900698
ទៅកាន់ទំព័រ៖