ព្រះត្រៃបិដក ភាគ ៧២
ឧបាលិវគ្គ ទី៥
ឧបាលិត្ថេរាបទាន ទី១
[៤៣] ព្រះលោកនាយក ទ្រង់ព្រះនាមបទុមុត្តរៈ មានពួកព្រះខីណាស្រពមួយពាន់អង្គចោមរោម ទ្រង់ប្រកបរឿយៗ នូវវិវេក កំពុងពុទ្ធដំណើរទៅដើម្បីពួនសម្ងំ។ ខ្ញុំស្លៀកស្បែកខ្លាឃ្មុំ កាន់ឈើច្រត់ចំពាម ៣ ដើរទៅ បានឃើញព្រះលោកនាយក កុះករដោយភិក្ខុសង្ឃ ទើបខ្ញុំធ្វើស្បែកខ្លាឃ្មុំឆៀងស្មាម្ខាង រួចហើយធ្វើអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ សរសើរព្រះលោកនាយកថា សត្វទាំងឡាយដែលកើតអំពីពងក្តី ដែលកើតអំពីញើសក្តី ដែលជាឱបបាតិកៈក្តី ដែលកើតអំពីទឹកក្តី ពួកបក្សីទាំងអស់ មានក្អែកជាដើមក្តី នឹងត្រាច់ទៅតែក្នុងអាកាសសព្វៗ កាល យ៉ាងណាមិញ។ ពួកសត្វណាមួយ ដែលមានសញ្ញាក្តី ឥតសញ្ញាក្តី សត្វទាំងអស់នោះ សឹងប្រជុំចុះក្នុងខាងក្នុងនៃព្រះញាណរបស់ព្រះអង្គ ក៏យ៉ាងនោះដែរ។
ID: 637642089852213285
ទៅកាន់ទំព័រ៖