ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះឧបាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧបាលិត្ថេរាបទាន។
សោណកោដិយវេស្សត្ថេរាបទាន ទី២
[៤៤] ខ្ញុំឲ្យគេធ្វើទីចង្រ្កម ធ្វើនូវការលាបដោយកំបោរថ្វាយព្រះមុនីព្រះនាមអនោមទស្សី ទ្រង់ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំក្រាលទីចង្រ្កមដោយផ្កាមានពណ៌ផ្សេងៗ ធ្វើនូវពិតានឰដ៏អាកាស និមន្តព្រះពុទ្ធដ៏ប្រសើរ ឲ្យឆាន់ភត្ត។ គ្រានោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់មានវត្តដ៏ល្អ ហើយថ្វាយទីឃសាលា ចំពោះព្រះមានព្រះភាគ។ ព្រះសាស្តា ទ្រង់ប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះមានព្រះភាគមានចក្ខុ ទ្រង់បានទទួល (សាលានោះ) ដោយអនុគ្រោះ។
ID: 637642091165806841
ទៅកាន់ទំព័រ៖