ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៣០.០០០ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២.០០០ អំពីភទ្ទកប្បនេះ ខ្ញុំបានជាក្សត្រិយ៍ ៥ ដង ព្រះនាមហត្ថិយៈដូចគ្នា ជាស្តេចចក្រពត្តិ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បញ្ចហត្ថិយត្ថេរាបទាន។
បទុមច្ឆទនិយត្ថេរាបទាន ទី៦
[៤៨] កាលព្រះលោកនាថ ជាអគ្គបុគ្គល ព្រះនាមវិបស្សី ទ្រង់បរិនិព្វានហើយ ខ្ញុំយកផ្កាឈូកដែលរីកល្អ លើកតម្កល់លើជើងថ្ករ។ លុះខ្ញុំលើកជើងថ្ករឡើង ផ្កាក៏អណ្តែតត្រសែតទៅឯអាកាស ជាទីរីករាយនៃពួកសត្វស្លាប ធ្វើជាដម្បូលបិទបាំងកំដៅថ្ងៃនាអាកាស ខ្ញុំក៏បានទ្រនូវជើងថ្ករនោះ។
ID: 637642095478619387
ទៅកាន់ទំព័រ៖