ព្រះត្រៃបិដក ភាគ ៧២
ឱបវុយ្ហត្ថេរាបទាន ទី៥
[៥៧] ខ្ញុំបានថ្វាយសេះអាជានេយ្យ ដល់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះប្រគល់ចំពោះព្រះសម្ពុទ្ធហើយ ក៏ទៅកាន់ផ្ទះរបស់ខ្លួន។ ព្រះថេរៈឈ្មោះទេវិលៈ ជាអគ្គសាវ័ករបស់ព្រះសាស្តា ជាធម្មទាយាទដ៏ប្រសើរ បានមកកាន់សំណាក់របស់ខ្ញុំ ហើយ (មានថេរវាចា) នឹងខ្ញុំថា ព្រះមានព្រះភាគ ព្រះអង្គនាំមកនូវប្រយោជន៍ទាំងពួង ទ្រង់ជាអាជានេយ្យ មិនញាប់ញ័រ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ទទួលហើយ ព្រោះទ្រង់ជ្រាបនូវតំរិះរបស់អ្នក។
ខ្ញុំកាត់ថ្លៃសេះសិន្ធវៈ ជាវាហនៈដ៏លឿន មានសន្ទុះដូចខ្យល់ ជាវាហនៈចេះអត់ធន់ ហើយថ្វាយដល់ព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស សេះអាជានេយ្យទាំងឡាយ មានសន្ទុះដូចខ្យល់ ជាសម្បត្តិជាទីត្រេកអរ រមែងកើតសម្រាប់ខ្ញុំ។ មួយទៀត លាភ កុលបុត្តទាំងឡាយនោះ បានល្អហើយ ព្រោះបាននូវឧបសម្បទា ប្រសិនបើព្រះពុទ្ធកើតមានក្នុងលោក ខ្ញុំសូមចូលទៅអង្គុយជិតព្រះអង្គទៀត។
ID: 637642101896613798
ទៅកាន់ទំព័រ៖