ព្រះត្រៃបិដក ភាគ ៧២

ភិ​សទា​យក​ត្ថេ​រាប​ទាន ទី៥


 [៦៧] ព្រះពុទ្ធ ព្រះនាម​វេស្សភូ ជា​បុរស​ដ៏​ឧត្តម ជា​ព្រះពុទ្ធ​ទី ៣ របស់​ពួក​ព្រះពុទ្ធ ទ្រង់​ស្វែងរក (នូវ​គុណ​ធំ) ស្តេច​ទៅ​គង់នៅ​ក្នុង​ព្រៃផ្សៃ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​កាន់​ក្រអៅឈូក ហើយ​ដើរទៅ​ក្នុង​ទី​ជិត​នៃ​ព្រះពុទ្ធ ថ្វាយ​ក្រអៅឈូក​នោះ ចំពោះ​ព្រះពុទ្ធ​ដោយដៃ​របស់​ខ្លួន។ ព្រះពុទ្ធ ព្រះនាម​វេស្សភូ មាន​ព្រះ​ប្រាជ្ញា​ដ៏​ប្រសើរ ទ្រង់​បាន​ទទួល​ដោយ​ព្រះហស្ត ខ្ញុំ​មិនដែល​ស្គាល់​សុខ​ណា​ដ៏​ស្មើ ឬលើស​ជាង​សុខ ដែល​កើតអំពី​បុណ្យ​នោះ​សោះ​ឡើយ។ ភព​ជាទីបំផុត​របស់ខ្ញុំ កំពុង​ប្រព្រឹត្តទៅ ភព​ទាំងពួង ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ផ្តាច់​ចំណង ដូចជា​ដំរី (ផ្តាច់​ទន្លីង) ហើយ​ជា​អ្នក​មិន​មាន​អាសវៈ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ក្រអៅឈូក។ ក្នុង​កប្ប​ទី ១៣ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ១៦ ដង ព្រះ​នាម​សមោធានៈ​ដូចគ្នា ជាធំ​ក្នុង​ពួក​មនុស្ស មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637642108261457768
ទៅកាន់ទំព័រ៖