ព្រះត្រៃបិដក ភាគ ៧២

គតសញ្ញ​កត្ថេ​រាប​ទាន ទី២


 [៨៤] ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ បាន​ចូល​ទៅកាន់​ផ្នួស បាន​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​សាស្តា ដោយចិត្ត​ជ្រះថ្លា។ ខ្ញុំ​បោះ​ផ្កាឈើ​ឈ្មោះ​សត្ត​នង្គល​កី​ទៅលើ​អាកាស ឧទ្ទិសចំពោះ​ព្រះពុទ្ធ ព្រះនាម​តិស្សៈ ព្រះអង្គ​មានគុណ​មិន​មាន​ទីបំផុត ប្រៀប​ដូច​សាគរ។ ខ្ញុំ​មានចិត្ត​ត្រេកអរ បាន​បូជា​ផ្លូវ​ដែល​ព្រះ​សុគត​យាង​មក ហើយ​មានចិត្ត​ជ្រះថ្លា បាន​ធ្វើ​អញ្ជលី​កម្ម​ដោយដៃ​ទាំងពីរ​ក្នុង​គ្រានោះ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៨ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៣ ដង ព្រះនាម​អគ្គិ​សិ​ខៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​គតសញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គតសញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637642122738808322
ទៅកាន់ទំព័រ៖