ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះនិបន្នញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ និបន្នញ្ជលិកត្ថេរាបទាន។
អធោបុប្ផិយត្ថេរាបទាន ទី៤
[៨៦] មានភិក្ខុមួយរូប ព្រះនាមអភិភូ ជាអគ្គសាវ័ករបស់ព្រះពុទ្ធព្រះនាមសិខី លោកមានអានុភាពច្រើន មានត្រៃវិជ្ជា បានចូលមកកាន់ភ្នំហិមពាន្ត។ កាលនោះ ខ្ញុំជាឥសី ជាអ្នកស្ទាត់ក្នុងអប្បមញ្ញា និងឫទ្ធិ នៅក្នុងអាស្រមជាទីគួរត្រេកអរ ទៀបភ្នំហិមពាន្តនោះ។ ខ្ញុំប្រាថ្នារកផ្លែឈើក្នុងព្រៃភ្នំ ដូចជាបក្សី កាលហើរទៅក្នុងអាកាស ខ្ញុំកាន់យកនូវផ្កាអធោព្រឹក្ស ហើយត្រឡប់មកឯលំនៅជិតភ្នំនោះវិញ។ ខ្ញុំបានយកផ្កា ៧ រោយលើព្រះសីរ្សៈ (នៃអគ្គសាវ័កនោះ) លុះដល់អគ្គសាវ័ក ជាវីរបុរសនោះ ក្រឡេកមើលមកចំខ្ញុំ ខ្ញុំក៏បែរមុខទៅទិសខាងកើត ហើយដើរចៀសចេញទៅ។
ID: 637642123430214598
ទៅកាន់ទំព័រ៖