ព្រះត្រៃបិដក ភាគ ៧២

សូ​ចិ​ទាយ​កត្ថេ​រាប​ទាន ទី៤


 [៩៦] ក្នុង​ជាតិមុន ខ្ញុំ​កើតជា​ជាងដែក​ក្នុង​បុរី​ដ៏​ប្រសើរ ឈ្មោះ​ពន្ធុ​មៈ ខ្ញុំ​បាន​ថ្វាយ​ម្ជុល​ដល់​ព្រះ​វិបស្សី ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ញាណ (របស់ខ្ញុំ) ស្មើ​ចុង​នៃ​កែវ​វជីរ​ប្រាកដ​ដូច្នោះ កើត​ប្រាកដ​ដោយ​កម្ម​នោះ ខ្ញុំ​មាន​រាគៈ​វិនាស​ហើយ មានចិត្ត​រួច​ស្រឡះ​ហើយ ដល់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ។ អតីតភព បច្ចុប្បន្ន​ភព អនាគតភព​ទាំងអស់​ណា ខ្ញុំ​ពិចារណា​ឃើញ​ភព​ទាំងអស់​នោះ​ដោយ​ញាណ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ម្ជុល។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៧ ដង ព្រះនាម​វជី​រាស​មៈ​ដូចគ្នា បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សូ​ចិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សូ​ចិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 637642127734589570
ទៅកាន់ទំព័រ៖