ព្រះត្រៃបិដក ភាគ ៧២
គន្ធមាលិយត្ថេរាបទាន ទី៥
[៩៧] ខ្ញុំបានកសាងព្រះស្តូប ប្រកបដោយគ្រឿងក្រអូប ស្រោបបិទបាំងដោយផ្កាម្លិះ ដ៏សមគួរដល់ព្រះពុទ្ធ (ថ្វាយ) ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ (ខ្ញុំថ្វាយបង្គំ) ព្រះសម្ពុទ្ធជាអគ្គនាយកក្នុងលោក ប្រាកដស្មើដោយចេតិយ ជាវិការៈនៃមាស ទ្រង់រុងរឿងដូចផ្ការាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់ប្រសើរដូចខ្លាធំ និងគោឧសភៈ ឬដូចកេសររាជសីហ៍ មានជាតិដ៏ខ្ពស់ ទ្រង់គង់លើអាសនៈ ទ្រង់ជាកំពូលនៃពួកសមណៈ មានភិក្ខុសង្ឃចោមរោម។ លុះខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តាហើយ បែរមុខទៅឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានថ្វាយគ្រឿងក្រអូប និងកម្រងផ្កា ក្នុងកាលណា។ (កាលនោះ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយផលនៃសក្ការៈដែលខ្ញុំធ្វើចំពោះព្រះពុទ្ធដោយវិសេស នេះជាផលនៃពុទ្ធបូជា។
ID: 637642128008964554
ទៅកាន់ទំព័រ៖