ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់នឡមាលិយត្ថេរាបទាន។
ចប់ ភាណវារៈ ទី៧។
អាសនុបដ្ឋាយកត្ថេរាបទាន ទី៨
[៨] ខ្ញុំចូលទៅកាន់ព្រៃធំដ៏ស្ងាត់ មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយសីហាសនៈដល់ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាន់យកផ្កាមួយក្ដាប់ ធ្វើប្រទក្សិណព្រះអង្គ ហើយចូលទៅអង្គុយជិតព្រះសាស្តា រួចដើរចេញទៅ បែរមុខឆ្ពោះកាន់ឧត្តរទិស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ទ្រង់ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងនរៈ ខ្ញុំធ្វើខ្លួនឲ្យរលត់ ឥតមានសេសសល់ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ដោយសារកម្មនោះ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ។
ID: 637642199109331491
ទៅកាន់ទំព័រ៖