ព្រះត្រៃបិដក ភាគ ៧៣

តិ​កិ​ច្ឆ​កត្ថេ​រាប​ទាន ទី៩


 [៧៩] ខ្ញុំ​ជា​ពេទ្យ មាន​វេជ្ជ​សាស្រ្ត​សិក្សា​ល្អ​ហើយ នៅក្នុង​នគរ​ពន្ធុ​មតី ជា​អ្នកនាំ​មក​នូវ​សេចក្តី​សុខ​ដល់​មហាជន ពិសេស​ចំពោះ​ពួក​ជន​អ្នកមាន​ជំងឺ មានទុក្ខ​ខ្លាំង។ ខ្ញុំ​ឃើញ​សមណៈ​អ្នកមានសីល មាន​សេចក្តី​រុងរឿង​ច្រើន ដែល​កំពុង​ឈឺថ្កាត់ ក្នុង​កាលនោះ ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ប្រគេន​ភេសជ្ជៈ។ សមណៈ​នោះ ឈ្មោះ​អសោ​កៈ មាន​ឥន្រ្ទិយ​សង្រួម​ល្អ ជា​ឧបដ្ឋាក​របស់​ព្រះ​វិបស្សី​សម្ពុទ្ធ ក៏​សះជា​រោគ ដោយ​ភេសជ្ជៈ​នោះ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ប្រគេន​ឱសថ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ភេសជ្ជៈ។ ក្នុង​កប្ប​ទី ៨ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះ​នាម​សព្វោ​សថៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637642232286096127
ទៅកាន់ទំព័រ៖