ព្រះត្រៃបិដក ភាគ ៧៣

កុដ​ជបុប្ផិ​យវគ្គ ទី១៩
កុដ​ជបុប្ផិ​យត្ថេ​រាប​ទាន ទី១


 [៨១] (ខ្ញុំ​ឃើញ) នូវ​ព្រះ​ផុស្ស​សម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស ទ្រង់​ឧត្តម​ដូច​ព្រះអាទិត្យ ទ្រង់​ក្រឡេក​មើល​ទិស ទ្រង់​ធើ្វ​ពុទ្ធដំណើរ​ទៅ​ឰដ៏​អាកាស។ ខ្ញុំ​បានឃើញ​ដើម​ខ្លែង​គង់ មាន​ផ្ការីក ហើយ​បេះ​ផ្ការីក និង​ផ្កាក្រពុំ​អំពី​ដើម បូជា​ដល់​ព្រះ​ផុស្ស​សម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៣ ជាតិ ព្រះ​នាម​បុប្ផិ​តៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កុដ​ជបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុដ​ជបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637642233295158636
ទៅកាន់ទំព័រ៖