ព្រះត្រៃបិដក ភាគ ៧៣

បញ្ច​ហត្ថិ​យត្ថេ​រាប​ទាន ទី៤


 [៨៤] ព្រះមានព្រះភាគ ព្រះនាម​តិស្សៈ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ដែល​ពួក​សាវ័ក​ចោមរោម ស្ដេច​ទ្រង់​ពុទ្ធដំណើរ​ទៅ​ក្នុង​ថ្នល់។ ខ្ញុំ​តាំង​ទុក​នូវ​ផ្កា​ឧប្បល ៥ ក្តាប់ ឬ ៤ ក្តាប់ ខ្ញុំ​ជា​កូន​នៃ​មាតា ឈ្មោះ​ហិត​សិទ្ធិ ប្រាថ្នា​នឹង​ថ្វាយ​គ្រឿងបូជា។ ខ្ញុំ​ដែល​រស្មី​ព្រះពុទ្ធ​ពាល់ត្រូវ​ហើយ បាន​បូជា​ព្រះសម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូចជា​មាស ទ្រង់​ពុទ្ធដំណើរ​ទៅ​ក្នុង​ចន្លោះ​រាន​ផ្សារ ព្រះអង្គ​ឧត្តម​ជាង​សត្វ​ជើង​ពីរ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៥ ជាតិ ព្រះនាម​សុ​លភ​សម្មតៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បញ្ច​ហត្ថិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ច​ហត្ថិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637642234299221153
ទៅកាន់ទំព័រ៖