ព្រះត្រៃបិដក ភាគ ៧៣
តិណសន្ថារទាយកត្ថេរាបទាន ទី២
[៩២] ក្នុងកាលដែលខ្ញុំកើតជាឥសី នៅអាស្រ័យក្នុងព្រៃ តែងច្រូតស្មៅថ្វាយព្រះសាស្តា ស្មៅទាំងអស់នោះ ធ្លាក់ចុះលើផែនដី វិលទៅខាងស្តាំ។ ក្នុងកាលនោះ ខ្ញុំយកស្មៅនោះ ក្រាលលើធរណីដ៏ឧត្តម ហើយខ្ញុំយកស្លឹកត្នោត ៣ ធាង ធ្វើជាដំបូល លើកំណាត់ឈើ ៣ ដើម ថ្វាយដល់ព្រះសិទ្ធត្ថសម្ពុទ្ធ ទេវតា និងមនុស្សទាំងឡាយ ទ្រថ្វាយព្រះសាស្តាអស់ ៧ ថ្ងៃ ក្នុងទីនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយស្មៅ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្មៅ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៤ ជាតិ ព្រះនាមមហទ្ធនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះតិណសន្ថារទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណសន្ថារទាយកត្ថេរាបទាន។
ID: 637642245517033606
ទៅកាន់ទំព័រ៖