ព្រះត្រៃបិដក ភាគ ៧៣
ខណ្ឌផុល្លិយត្ថេរាបទាន ទី៣
[៩៣] ព្រះស្ដូបរបស់ព្រះមានព្រះភាគ ព្រះនាមផុស្សៈ នៅក្នុងព្រៃធំ ក្នុងកាលនោះ (ព្រះស្ដូបនោះ) ត្រូវពួកដំរីកម្ទេចហើយ ដើមឈើដុះទ្រុបទ្រុល ក្នុងទីនោះ។ ខ្ញុំធ្វើកន្លែងរដិបរដុប (ប្រេះឆា) ឲ្យស្មើ ហើយលាបបាយអ ខ្ញុំត្រេកអរដោយគុណទាំងឡាយ របស់សត្វក្នុងត្រៃលោក។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដុំបាយអ។ ក្នុងកប្បទី ៧៧ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមជិតសេនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះខណ្ឌផុល្លិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ខណ្ឌផុល្លិយត្ថេរាបទាន។
ID: 637642245915031645
ទៅកាន់ទំព័រ៖