ព្រះត្រៃបិដក ភាគ ៧៣
មិនេលបុប្ផិយត្ថេរាបទាន ទី២
[១០២] ព្រះមានព្រះភាគ ព្រះនាមសិខី ទ្រង់មានវណ្ណៈដូចមាស មានរស្មីច្រើន មានពន្លឺដ៏ប្រសើរ មានមេត្តាចិត្ត មានព្រះស្មារតី ស្ដេចទៅកាន់ទីចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ សរសើរនូវញាណក៏ឧត្តម ហើយយកនូវផ្កាមិនេលព្រឹក្ស ទៅបូជាដល់ព្រះសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ២៩ ខ្ញុំបានកើតជាស្ដេចចក្រពត្តិមួយអង្គ ព្រះនាមសុមេឃឃនៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះមិនេលបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មិនេលបុប្ផិយត្ថេរាបទាន។
ID: 637642249749415117
ទៅកាន់ទំព័រ៖