ព្រះត្រៃបិដក ភាគ ៧៣
បាបនិវារិយត្ថេរាបទាន ទី១០
[១១០] ខ្ញុំមានចិត្តជ្រះថ្លាបានថ្វាយឆត្រមួយ ដល់ព្រះមានព្រះភាគព្រះនាមតិស្យៈ ជាទេវតារបស់ទេវតា ជាតាទិបុគ្គល។ ខ្ញុំបានឃាត់អំពើបាប ហើយបំពេញតែអំពើកុសល ទេវតាតែងបាំងឆត្រ (ឲ្យខ្ញុំ) ឰដ៏អាកាស នេះជាផលនៃបុព្វកម្ម។ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុតក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ ក្នុងកប្បទី ៧២ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ៨ ជាតិ ជាធំជាងជន ព្រះនាមមហានិទាន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះបាបនិវារិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាបនិវារិយត្ថេរាបទាន។
ID: 637642252485352249
ទៅកាន់ទំព័រ៖